ព្រៃវែង៖ មន្ត្រីជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅស្រុកពាមជរ និងដុតបំផ្លាញចោលស្បៃមុងជាង ៣.០០០ម៉ែត្រ និងលែងកូនត្រីចូលបឹងធម្មជាតិជិត១០០គីឡូក្រាម។
ក្នុងរយៈពេលពីរថ្ងៃនេះ មន្ត្រីជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងស្បៃមុងដែលជនល្មើសបានលួចដាក់នៅតាមវាលបឹងធម្មជាតិក្នុងស្រុកពាមជរ បានចំនួន ២ករណី ស្មើនឹង ២ឃុំ ដោយបានរឹបអូស និងដុតកម្ទេចចោល នៅឧបករណ៍របាំងស្បៃមុងប្រមាណជាង ៣.០០០ម៉ែត្រ។
បើតាមលោក សឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងលោក សុខ ស៊ីណាត នាយសង្កាត់រដ្ឋបាលជលផល បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយនឹងរដ្ឋបាលស្រុកពាមជរ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងកំប្លោកក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ដោយបានរុះរើ និងដុតបំផ្លាញចោល លូស្បៃមុង ចំនួន ១៦មាត់ របាំងស្បៃមុង ១.៤០០ម៉ែត្រ បង្គោលចម្រឹងឬស្សី ៥៦០ដើមនិងចាក់ព្រលែងកូនត្រីចំរុះចូលទៅក្នុងបឹងធម្មជាតិវិញបានចំនួនជាង ៥០គីឡូ។
ដោយឡែកនៅថ្ងៃទី ២២ខែសីហា ឆ្នាំ២០២៥នេះ លោកបានបន្តដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងស្បៃមុងនេះមួយករណីទៀត ដោយបានសហការជាមួយកម្លាំងរដ្ឋបាលស្រុក និងសហគមន៍ដែលស្ថិតនៅចំណុចភូមិវាលរបងលើ ឃុំអង្គរអង្គ ស្រុកពាមជរ ដោយបានដុតបំផ្លាញចោលវត្ថុតាងលូស្បៃមុងចំនួន ១៨មាត់ របាំងស្បៃមុង ១.៥០០ម៉ែត្រ បង្គោលចម្រឹងឬស្សី ៦៥០ដើម និងចាក់លែងកូនត្រីចម្រុះ ចូលដែនធម្មជាតិវិញបានជាង ២០គីឡូ។
លោក សឿ វិចិត្រ បានបញ្ជាក់ថា មិនមែនត្រឹមតែឧបករណ៍នេសាទប្រភេទរបាំងស្បៃមុងនេះទេដែលត្រូវបានហាមឃាត់គឺគ្រប់ការនេសាទ និងគ្រប់ឧបករណ៍ទាំងឡាយណាដែលច្បាប់ហាមឃាត់ លើកលែងតែឧបករណ៍នេសាទទាំងឡើយណាដែលច្បាប់មិនហាមឃាត់គឺប្រជាពលរដ្ឋអាចធ្វើការនេសាទបាននៅក្នុងរដូវបិទនេសាទរយៈពេល ៣ខែនេះព្រោះអំឡុងពេលនេះត្រីកំពុងពងកូន ហើយរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ទើបការបិទនេសាទនេះត្រូវបានបញ្ចប់ ចំពោះក្រុមឈ្មួញដែលមកចាំទិញកូនត្រីឲ្យត្រីឆ្តោស៊ី ក៏តែងតែបង្ក្រាបផងដែរព្រោះជាទង្វើដែលច្បាប់ហាមឃាត់៕