ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៥ នាក់ ពីបទលួចមានស្ថានទម្ងន់ទោស និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៦និង៣០នាទី ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន
១/ ឈ្មោះ ឃុត ប្រុសម៉ឺន ហៅតុក ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង
២/ ឈ្មោះ ឆើន មករា ហៅ ក្តាម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង
៣/ ឈ្មោះ នី សុភ័ក្រ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបាល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៤/ ឈ្មោះ គឹម សុខហេង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅបន្ទប់ជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៥/ ឈ្មោះ គឹម ស្រីណុច ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយនិងវត្ថុតាង ,ទរស័ព្ទដៃ០៨គ្រឿង ,ឆ្នាំងសាកទូរស័ព្ទ០៣គ្រឿង ,ទុរល្វីសសម្រាប់ដោះទូរស័ព្ទ០១ ,និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងតាមបណ្តឹងជនរងគ្រោះ ឈ្មោះ មាច សុខលី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរទិញលក់ និងជួសជុលទូរស័ព្ទ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយជនសង្ស័យខាងលើធ្វើសកម្មភាពគាស់ទំលុះទម្លាយដំបូលតូបទិញលក់ និងជួសជុលទូរស័ព្ទដៃលួចយកទូរស័ព្ទដៃចំនួន ០៤គ្រឿងនិងសម្ភារ:មួយចំនួនរបស់ជនរងគ្រោះកាលពីវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្សារភូពុយ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។