(ភ្នំពេញ) ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា រយៈពេល៦ខែមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៤ និងប្រទេសចំនួន៨ គិតជាចម្ងាយជិត ១០ម៉ឺនគីឡូម៉ែត្រ។ ការធ្វើដំណើរដ៏វែងឆ្ងាយនេះ ដើម្បីនយោបាយការទូត ដែលលោកអះអាងថា ទទួលបានជោគជ័យខ្ពស់។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា នយោបាយការទូតគឺ ជាការសម្របសម្រួលខ្លួនទៅក្នុងឆាកអន្តរជាតិ តាមរយៈការទូតមួយសកម្មឡើងជាលំដាប់ ឬតាមរយៈនយោបាយមួយដែលពង្រីកមិត្តភាពថ្មី និងពង្រឹងមិត្តភាពចាស់ និងតាមរយៈការអនុវត្តការទូតសេដ្ឋកិច្ចមួយ ដើម្បីស្វែងរកប្រយោជន៍មកឱ្យប្រជាជាតិកម្ពុជា។ លោកបានលើកឡើងដូចនេះ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមលោក ហ្សង់ហ្វ្រង់ស័រ ក្នុងរយៈពេល៦ខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣, បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងចូលរួមក្នុងពិព័ណ៍អាស៊ាន-ចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣, ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣, ចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន, រួចហើយបង្ហួសទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃ១៦ ដល់ថ្ងៃ២១ ខែតុលា ខែ២០២៣, បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម, ចូលរួមក្នុងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅ Tokyo ប្រទេសជប៉ុន ពីថ្ងៃ១៥ ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣, ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស ប្រទេសស្វីស ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤, បំពេញទស្សនកិច្ចនៅបារាំងថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ និងបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងរយៈពេល៦ខែចុងក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេសកំពូលៗច្រើននាក់ ក្នុងនោះមានប្រធានាធិបតី លោក Xi Jinping, Joko Widodo, Vo Van Thuong, Thongloun Sisoulith, Yoon Suk Yeol, José Ramos-Horta, Emmanuel Macron, in:ñim in: Maha Vaijiralongkorn។
ជាមួយនាយករដ្ឋមន្ត្រី ដូចជា លោក Li Qiang, Fumio Kishida, Pham Minh Chinh, Phankham Viphavanhm, Gabriel Attal, Srettha Thavisin មានតាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, និងឯកអគ្គរដ្ឋទូត ដូចជា ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប, អាមេរិក, អង់គ្លេស, ឥណ្ឌា, រុស្ស៉ី ជាដើម។
លោក ហ្សង់ហ្វ្រង់ស័រ ក៏បានលើកឡើងដែរថា នយោបាយការទូតសកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រៅតែពីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើនយោបាយការទូតសេដ្ឋកិច្ច ផងដែរ។
លោក ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា គ្រប់ជំនួបទ្វេភាគីរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំបរទេស គ្រប់វេទិកាធុរកិច្ច ដែលសម្ដេចធិបតីចូលរួម និងគ្រប់ជំនួបជាមួយវិស័យឯកជន សុទ្ធសឹងជាឱកាសសម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបញ្ចុះបញ្ចូលឱ្យធុរជន និងវិនិយោគិនបរទេស បង្កើនទុន ឬមកដាក់ទុនរកស៊ីនៅកម្ពុជា។ ក្នុងរយៈពេល៦ខែចុងក្រោយនេះ សម្តេចធិបតី ហ៊ុន សែន ចូលរួមគ្រប់វេទិកាធុរកិច្ចធំ ឬតូច រួមមានជាអាទិ៍ កិច្ចប្រជុំធុរកិច្ចនិងវិនិយោគ អាស៊ាន នៅហ្សាការតា, កិច្ចប្រជុំកំពូលធុរកិច្ចក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាសិប នៅណាននីង, វេទិកាធុរកិច្ចសហរដ្ឋអា មេរិក-កម្ពុជា នៅញូវយក, វេទិកាលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម, វេទិកាសេដ្ឋកិច្ចសិក្ខាសាលាវិនិយោគកម្ពុជា នៅ Tokyo, វេទិកាធុរកិច្ចនៅប៉ារីស ប្រទេសបារាំង ដែលរៀបចំឡើងរួមគ្នា ដោយសហព័ន្ធនិយោជកបារាំង អន្តរជាតិ(MEDEF) និងសភាពាណិជ្ជកម្មកម្ពុជា និងនៅដាវ៉ូស ប្រទេសស្វីស វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនៅទីនោះ សម្តេចធិបតីបានទទួលជួបក្រុមហ៊ុនជាច្រើនមកពីអាមេរិក មកពីចិន ឬមកពីសិង្ហបុរី។
លោក ហ្សង់ហ្វ្រង់ស័រ បានកត់សម្គាល់ថា ជោគជ័យរបស់សម្តេចធិបតី នៅលើឆាកអន្តរជាតិ ក៏ដោយសារតែគុណសម្បត្តិផ្ទាល់ខ្លួនជាច្រើនរបស់សម្តេច ក្នុងចំណោមគុណសម្បត្តិទាំង៣គឺ ទី១ គឺចំណេះដឹង Academic ធំទូលំទូលាយ, ទី២ សមត្ថភាពដ៏ជាក់ច្បាស់មួយដែលសម្ដេចធិបតី បាននិងកំពុងបន្តបង្ហាញគឺ ការក្តាប់បានយ៉ាងល្អ និងយ៉ាងលម្អិត សំណុំរឿងម៉ាក្រូ ដូចជាបញ្ញ ភូមិសាស្ត្រនយោបាយពិភពលោក, បញ្ហាសេដ្ឋកិច្ចពិភពលោក និងសំណុំរឿងមីក្រូ ដូចជាទំនាក់ទំនងទ្វេភាគីគ្រប់វិស័យ រវាងកម្ពុជា និងបណ្តាប្រទេសជិតខាងឬរវាងកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ ឬក៏រវាងកម្ពុជា និងបណ្តាប្រទេសដទៃផ្សេង ទៀតនៅក្នុងលោក។ ទី៣ របស់សម្ដេចធិបតី គឺរួមមានការចេះ និងពូកែដឹកនាំដែលមានមកពីធម្មជាតិ និងបុគ្គលិកលក្ខណៈពិសេសមួយនោះគឺ សុភាពរាបសារ តែម៉ឹងម៉ាត់៕