(ភ្នំពេញ) ៖ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៨ ៖ ២០ នាទី ស្ថិតនៅចំណុចផ្ទះសំណាក់មាស៩៩ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១.ឈ្មោះ តាំង វ៉ាន់ណាក់ ហៅ និត ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ (អ្នកឌុប) និងទី២.ឈ្មោះ សម្បត្តិ ច័ន្ទសីហា ហៅ ខួច ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ (ដៃដល់) ។
ប្រតិបត្តិការនេះ បានធ្វើឡើង ក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពី លោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេតកំណត់មុខសញ្ញាតាមរយៈកាម៉េរ៉ាសុវត្ថិភាព ដោយសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាព នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០ ៖ ៥០ នាទី បានឆក់ខ្សែកពីនារីរងគ្រោះកំពុងដើរម្នាក់ឯងបានសម្រេច នៅចំណុចផ្លូវលេខ៤៣៦ កែងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សម្ភារៈដកហូត ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KD-1512 (របស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕