ភ្នំពេញ ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ចំនួន៦រូប នៅទីស្តីការក្រសួងកិច្ចការនារី ។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលបានជាប់ជ័យលាភីទាំងអស់ដែលបានជ្រើសរើសជំនាញវិទ្យាសាស្ត្រ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសបារាំង។ លោកស្រី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ ខិតខំរៀនសូត្រឱ្យបានស៊ីជម្រៅ ដើម្បីទទួលបានចំណេះដឹង និងជំនាញយ៉ាងពិតប្រាកដឱ្យក្លាយទៅជាមូលធនមនុស្ស នៅក្នុងសង្គមមួយពោពេញទៅដោយអ្នកដែលមានចំណេះដឹងខ្ពស់ ប្រកបដោយគុណភាព ។
លោកស្រីបានបង្ហាញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាទាំងអស់ បានចូលរួមក្នុងការប្រកួតប្រជែងជាមួយនិស្សិតដទៃទៀត ដើម្បីទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស ហើយលោកស្រីបានសំនូមពរឱ្យនិស្សិតទាំងអស់ត្រូវវិលត្រឡប់មកមាតុប្រទេស ដើម្បីបំពេញការងារនៅក្នុងស្ថាប័នរបស់ខ្លួន ក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកស្រីកិត្តិបណ្ឌិត បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សា ដែលរួមមាន៖
– ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ សិក្សាស្រាវជ្រាវ ឈ្វេងយល់នូវចំណេះដឹង និងបទពិសោធន៍ល្អ ជាពិសេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីយកចំណេះដឹង និងជំនាញមកបំពេញការងារជូនស្ថាប័នរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
– ដើរតួរជា «អ្នកការទូត» ចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អរិយ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍កម្ពុជាទៅកាន់មិត្តបរទេស។
– សូមថែរក្សាសុខភាពឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត បរិភោគចំណីអាហារដោយប្រុងប្រយ័ត្ន និងហាត់ប្រាណឱ្យបានជាប្រចាំ ដើម្បីជួយដល់ការសិក្សារបស់ក្មួយៗទទួលបានភាពជោគជ័យ។
លោកស្រីរដ្ឋមន្ត្រី​ បានកោតសរសើរនិស្សិតទាំងអស់ ដែលសម្រេចចិត្តជ្រើសរើសបន្តការសិក្សាទៅលើជំនាញសំខាន់ៗ ដែលពិតជាឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ ក៏ដូចជាតម្រូវការមូលធនមនុស្សរបស់រាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕


By sknews

Leave a Reply

Your email address will not be published. Required fields are marked *

You missed