ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនជាតិចិន ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបាញ់ប្រហារ បណ្ដាលឱ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ

(ភ្នំពេញ) ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនជនសង្ស័យជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារ បណ្ដាលឱ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ជនសង្ស័យ ត្រូវកម្លាំងនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ និងចាប់ជំរិតជនជាតិចិនដូចគ្នា បណ្ដាលឱ្យនគរបាលម្នាក់ស្លាប់ និងជនជាតិចិនម្នាក់រងរបួស ខណៈជនជាតិចិនម្នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅបាត់ ។

គួរឱ្យដឹងដែរថា កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរថយន្ត ២គ្រឿងបុកគ្នា ហើយឈានដល់ការបាញ់ប្រហារគ្នា បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស (ជនជាតិចិន) ។ ជនរងគ្រោះដែលស្លាប់ ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *