(ស្ទឹងត្រែង) ៖ ខណៈនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំដាក់តាំងនូវរូបភាពជាទីគោរពសក្ការៈទាំងឡាយ នៅត្រង់ចំណុចសំខាន់ជាច្រើនកន្លែង នៅក្នុងក្រុងស្ទឹងត្រែង ជំនួសឱ្យរូបភាពស្រាបៀរ ដែលត្រូវបានគេដាក់តាំងបង្ហាញជាច្រើនឆ្នាំកន្លងមកហើយនោះ ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសរសេរក្នុងក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយអត្ថន័យខ្លី និងភ្ជាប់ដោយរូបភាពខ្លះៗផងដែរថា «រួមគ្នាដើម្បីខេត្តស្ទឹងត្រែង» ។
រូបភាពដែលលោកអភិបាលខេត្ត ដាក់តាំងបង្ហាញទាំងនោះ សុទ្ធសឹងជារូបភាពបង្កប់ដោយអត្ថន័យអប់រំ សីលធម៌ សុជីវធម៌សង្គម ដែលមានការចាប់អារម្មណ៍ខ្លាំង និងទាក់ទាញបំផុតពីសំណាក់មហាជន ដូចជារូបភាពព្រះពុទ្ធជាម្ចាស់ រូបភាពព្រះឆាយាលក្ខមហាក្សត្រ និម្មិតសញ្ញាចរាចរណ៍ និងនិម្មិតសញ្ញាបង្ហាញតំបន់ទេសចរណ៍ជាដើម ។
ជាងនេះទៅទៀត នៅក្នុងផ្ទាំងប៉ាណូដាក់តាំងបង្ហាញធំៗទាំងនោះ ក៏មានដាក់រូបភាពសក្កដានុពលរបស់ខេត្តស្ទឹងត្រែងជាច្រើន ដើម្បីបង្ហាញជូនអ្នកទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តស្ទឹងថែមទៀត ។
បើតាមលោកអភិបាលខេត្ត សរ សុពុត្រា នឹងដាក់តាំងបង្ហាញនូវរូបភាពបន្ថែមទៀត នូវអ្វីដែលខេត្តស្ទឹងត្រែងមាន រួមទាំងរូបភាពស្តីពីការអភិវឌ្ឍ ឱ្យបានច្រើននៅតាមទីកន្លែងសំខាន់មួយចំនួន ក្នុងគោលបំណងបណ្តុះស្មារតីជាតិនិយមដល់ក្រុមយុវជនជំនាន់ក្រោយតៗគ្នា ។
សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ ដែលខេត្តស្ទឹងត្រែង បានដាក់តាំងបង្ហាញនូវរូបភាពដ៏គួរឱ្យទាក់ទាញបែបនេះនៅតាមទីសាធារណៈ ជំនួសឱ្យរូបភាពស្រាបៀរផ្សេងៗ ៕