ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបង្កើតចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។

ថ្លែង​ក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជានៅរាត្រីថ្ងៃទី២៦ ខែមេសា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ​ត្រូវតែការពារឲ្យបានជាដាច់ខាត ហើយត្រូវតែឲ្យជ្រែកជីកមួយនេះលេចចេញជារូបរាងឡើង ព្រោះសម្ដេចជាអ្នកសម្រេចចិត្ត កាលពីនៅកាន់តំណែងជានាយករដ្ឋមន្ដ្រី កាលពីនីតិកាលទី៦។ សម្ដេចបានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសដទៃ ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ ដើម្បីបង្កលក្ខណៈឲ្យកងទ័ពចិន។

​ជាមួយគ្នានេះ សម្ដេចតេជោ ​បានពន្យល់ត្រួសៗថា ព្រែកជីកហ្វូណនតេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។ គម្រោងព្រែកជីកនេះមិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។

សម្ដេចតេជោ បានលើកឡើងថា ​គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យទំនិញរបស់កម្ពុជា មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។ សម្តេចសង្ឃឹមថា មេដឹកនាំវៀតណាម នឹងយល់ពីអ្វីដែលសម្តេចបានលើកឡើងពេលនេះ។

​សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១.៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *