ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចជាង ២០០០នាក់ នឹងដាក់ពង្រាយការពារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ សមត្ថកិច្ចគ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ សម្រាប់ការពារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការឱ្យដឹងពី លោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោក វរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ បម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរាជាតិ ដែលទៅកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ឆ្លងតាមរយៈកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយយោងទៅតាមផែនការដាក់ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិក៏ដូចជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា គ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ ដែលបំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឱ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅទីតាំងសប្បាយភាព វត្តអារាម ទីផ្សារតូចធំ រមណីដ្ឋានផ្សេងៗ និងប្រើប្រាស់កម្លាំងរក្សាសន្តិសុខសម្រួលដោះស្រាយចរាចរណ៍នៅក្នុងភូមិសាស្ត្រផ្លួវចេញចូលរាជធានីភ្នំពេញជាដើម។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានណែនាំឱ្យក្តាប់មុខសញ្ញាដែលបង្កអំពើចលាចលក្នុងសង្គម ដូចជាអំពើតវ៉ា បះបោ និងធ្វើការទប់ស្កាត់មិនឱ្យមាននៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានោះក៏បានបញ្ជាឱ្យអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតាមដានត្រួតពិនិត្យមុខសញ្ញាចាស់ពាក់ព័ន្ធនឹងអំពើ ឆក់ លួច គាស់ផ្ទះ ប្លន់និងក្មេងទំនើង ត្រូវធ្វើការទប់ស្កាត់ឱ្យបានជាដាច់ខាតមិន ឱ្យមានករណីបែបនេះធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ។

លោក ជួន ណារិន្ទ បានសង្កត់ធ្ងន់នៅក្នុងអង្គប្រជុំនូវចំណុចដែលគួរឱ្យយកចិត្តទុកដាក់មួយទៀតគឺ ពង្រឹងកិច្ចការពារនៅទីតាំងរៀបចំសង្ក្រាន្តវត្តភ្នំ ដែលមានប្រជាពលរដ្ឋច្រើនកុះករទៅលេងកម្សាន្តសប្បាយរីករាយ ដោយចាត់ចែងឱ្យស្នងការរង និងអធិការដែលទទួលភារកិច្ចការពារទីតាំងខាងលើ ត្រូវមានការទទួលខុសត្រូវនិងប្រុងប្រយ័ត្ន សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលទៅលេងកម្សាន្តឱ្យមានភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ជាពិសេសទប់ស្កាត់ឱ្យបានអំពើលួច ឆក់នៅក្នុងតំបន់ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោកអគ្គស្នងការង ក៏បានណែនាំឱ្យការដោះស្រាយសម្រួលចរាចរណ៍ ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំមានប្រជាពលរដ្ឋធ្វើដំណើរចេញចូលរាជធានីច្រើនមានការកកស្ទះ។

ដូច្នេះបានធ្វើការបែងចែកកម្លាំងធ្វើការត្រួតពិនិត្យរហូតដល់ទៅ ៨៤គោលដៅ និងធ្វើការដោះស្រាយនៅតាមដងផ្លួវជាពិសេសផ្លូវជាតិចេញចូលទាំង៦ក្នុងរាជធានីភ្នំពេញ សំដៅជួយសម្រួលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋធ្វើដំណើរឱ្យបានលឿនឆាប់រហ័យទៅដល់គោលដៅ ការររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានសុខសុវត្ថិភាព ដល់អាយុជីវិត និងថែរក្សាទ្រព្យសម្បត្តិ ក្នុងនោះក៏មានការត្រៀមកម្លាំងបង្កាពន្លត់អគ្គិភ័យសម្រាប់ជួយចេញសង្គ្រោះឱ្យបានទាន់ពេលវេលានៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ដោយសង្កេតឃើញបច្ចុប្បន្នកម្តៅមានការកើនឡើងគួរឱ្យព្រួយបារម្មណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *