ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាល ២ខេត្ត សហការគ្នាបង្ក្រាបគ្រឿងញៀន បានជាង ១២០គីឡូក្រាម និងវត្ថុតាងមួយចំនួន

កម្លាំងនគរបាលខេត្តស្ទឹងត្រែង និងកម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតចាប់យកវត្ថុតាងសារធាតុញៀនមេតំហ្វេតាមីន (ICE) សរុបចំនួន ១២១ ដុំ ដែលបានលាក់ទុកនៅក្នុងរថយន្តម៉ាក Camry គូទហើម ស្មើនឹងទម្ងន់ ១២០.៦៨៥ ក្រាម និងកាំភ្លើងខ្លី ចំនួន ០១ ដើម ម៉ាក GLOCK និងទូរសព្ទដៃ ចំនួន ០២ គ្រឿង ។

យោងតាមសមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំ និងសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោក យិន យូឡាយ ព្រះរាជអាជ្ញារង ដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានធ្វើការបង្ក្រាបករណីប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្រោយពីប្រើវិធានការជំនាញសាកសួរ និងពិនិត្យទៅលើភស្តុតាងនានាហើយ បានស្រាវជ្រាវរកឃើញទីតាំងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ស្ថិតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងបានដកហូតចាប់យកវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន (ICE) សរុបចំនួន ១២១ ដុំ ដែលបានលាក់ទុកនៅក្នុងរថយន្តម៉ាក Camry គូទហើម ស្មើនឹងទម្ងន់ ១២០.៦៨៥ ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *