នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះអគ្គិភ័យ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី ដើម្បីនាំយកអំណោយ របស់សប្បុរសជនផ្តល់ជូនគ្រួសារកីឡាករប្រដាល់ ឈ្មោះ កួន តុលា ហៅគីងកុង ជាក្រីឡាករប្រដាល់គុនខ្មែរ ដែលបានរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ (ផ្ទះជួលគេ) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩.១០នាទី មូលហេតុ ឆ្លងចន្តរ អគ្គិសនី ស្ថិតនៅ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានពាំនាំនូវការចូលរួម សោកស្តាយ ជូនដល់គ្រួសាររងគ្រោះ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច របស់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរង គ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ អ្វីឡើយ ពោល “ទីណា មានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា“។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ក៏សូមឱ្យគ្រួសាររង គ្រោះមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅ មានជីវិតរស់នៅគឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារ ជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយត័្នឱ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គិភ័យនេះ ។

អំណោយរបស់កាកបាទក្រហមកម្ពុជាផ្តល់ជូន រួមមាន៖ អង្ករ, ទឹកសុទ្ធ ,ទឹកត្រី, ទឹកស៊ីអ៉ីវ, មីជាតិ, ត្រីខកំប៉ុង ,សំពត់តង់ និងឃីត១ឈុត (មុង ភួយ ក្រមា សារុង )និងថវិកាមួយចំនួន ព្រមទាំងបានរៀបចំសាងសង់ផ្ទះបណ្តោះអាសន្ន ដើម្បីបានស្នាក់នៅបន្តទៀត លើដីដែលបានជួល។ ជាមួយគ្នានោះឯកឧត្តមប្រធានបាន ផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់គ្រួសាររងគ្រោះខាងលើនេះផងដែរ។

បន្ទាប់ពីបាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសាររងគ្រោះខាងលើរួចមក ឯកឧត្តម សុខ លូ និងសហការី បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ខេត្ត ផ្តល់ជូនគ្រួសារ លោក អាន ទាវ ជាកីឡាករប្រដាល់គុនខ្មែរ និងជាសន្តិសុខក្រុមហ៊ុនឯកជន ដែលមានជីវភាពក្រីក្រ ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់ដំបង និងបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ រួមមាន៖ អង្ករ, ទឹកសុទ្ធ, ទឹកត្រី, ទឹកស៊ីអ៉ីវ, មីជាតិ, ត្រីខកំប៉ុង, សំពត់តង់ និងឃីត១ឈុត(មុង ភួយ ក្រមា សារុង )និងថវិកាមួយចំនួន ព្រមទាំងសម្រេចសាងសង់ផ្ទះ១ខ្នងជូនផងដែរ៕


By sknews

Leave a Reply

Your email address will not be published. Required fields are marked *

You missed