(កំពង់ស្ពឺ) ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាម្ចាស់ហាងខារ៉ាអូខេយីហោ (បុប្ផាទិព្វ) ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយសង្ស័យថា បានចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ថា ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៦៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានបើកប្រតិបត្តិការឆែកឆេរទីតាំងខារ៉ាអូខេមួយកន្លែង យីហោ បុប្ផាទិព្វ ដែលសង្ស័យថា ជាទីតាំងចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មកន្លងមក ។
មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នាង គន្ធា ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងឆែកឆេររកឃើញថ្នាំញៀន (ម្សៅក្រាមសថ្លា) ចំនួន ៥កញ្ចប់ និងឧបករណ៍ច្រក និងជក់ជាច្រើនបន្ថែមទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី ៕