ព័ត៌មានសន្តិសុខសង្គម

មន្ត្រីជំនាញបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដុតបំផ្លាញសាច់មង ប្រវែង ៥.៨០០ម៉ែត្រ ឡុកចំនួន ៧គ្រឿង និងលែងត្រីចម្រុះ ២.៥០០គីឡូក្រាម

(បាត់ដំបង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ កម្លាំងយោធភូមិភាគទី៥ និងកម្លាំងមន្ទីរអធិការកិច្ច សរុប ៤៥នាក់ កាណូត​ស្មាច់ ១២គ្រឿង បានចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សនេសាទ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបីផ្សេងគ្នា ក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ​២ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមមាន៖

*ទីតាំងទី១ នៅចំណុចបឹងប្រា ដែលជាលទ្ធផលមន្ត្រីជំនាញរឹបអូសបានសាច់មង ប្រវែង ៣.៥០០ម៉ែត្រ ឡុក ៤គ្រឿង និងលែងត្រីចូលបឹងធម្មជាតិ ចំនួន ២.០០០គីឡូក្រាម ។

*ចំណុចទី២ នៅបឹងឆ្តោរៀល រឹបអូសសាច់មង ប្រវែង ១.២០០ម៉ែត្រ ឡូក ១គ្រឿង និងលែងត្រីចូលបឹងធម្មជាតិ ៥០០គីឡូក្រាម ។

*ចំណុចទី៣ នៅបឹងអាឈូក រឹបអូសបានសាច់មង ប្រវែង ១.១០០ម៉ែត្រ ឡុកចំនួន ២គ្រឿង ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីបង្ក្រាបបាន សាច់មងសរុប ប្រវែង ៥.៨០០ម៉ែត្រ ឡុក ៧គ្រឿងខាងលើ ត្រូវបានក្រុមការងារ​សម្រេចកាប់បំផ្លាញ និងដុតចោលនៅនឹងកន្លែង ចំណែកត្រីចម្រុះ ចំនួន ២.៥០០គីឡូក្រាម ត្រូវបានលែងចូលបឹងធម្មជាតិវិញផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *