ព័ត៌មានសន្តិសុខសង្គម

ក្នុងឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន ៤៤លើក ឃាត់ខ្លួនក្មេងទំនើង ១៥៧នាក់

(ក្រចេះ) ៖ លោក ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រាប់អ្នកសារព័ត៌មានដឹង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ក្នុងឆ្នាំ២០២៤ នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន ៤៤លើក និងឃាត់ខ្លួនក្មេងទំនើង ១៥៧នាក់ ស្រី ០១នាក់ ក្នុងនោះពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងកែច្នៃភ្លើង ចំនួន ២៤លើក ឃាត់ខ្លួនក្មេងទំនើង ៨០នាក់ ស្រី ០១នាក់, ករណីបង្កអុកឡុក ចំនួន ១៣លើក ឃាត់ខ្លួនក្មេងទំនើង ៤៣នាក់ (ប្រុស) និងពាក់ព័ន្ធសកម្មភាពបង្កហិង្សា ចំនួន ០៧ លើក ឃាត់ខ្លួនក្មេងទំនើង ៣៤នាក់ ។

លោក បានបន្តថា ក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងបង្កអុកឡុក ត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយអនុញ្ញាតឱ្យអាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើការអប់រំបន្ត រីឯក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន ក៏ដូចជាកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានបន្តសកម្មភាពចាប់ឃាត់ក្រុមទំនើងប្រុស-ស្រី បានជាច្រើននាក់ជាបន្តបន្ទាប់ ខណៈពួកគេតែងតែបង្កសកម្មភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះមួយចំនួន ត្រូវបាននគរបាលធ្វើការអប់រំ និងធ្វើកិច្ចសន្យា ប្រគល់ឱ្យទៅអាណាព្យាបាលយកទៅអប់រំបន្ត និងមួយចំនួនទៀត ត្រូវបានចាត់ការបន្តតាមនីតិវិធី ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអំពាវនាវដល់អាណាព្យាបាល មេត្តាបន្តយកចិត្តទុកដាក់ និងចែករំលែកពេលវេលាអប់រំទូន្មាន ណែនាំកូនៗ ក៏ដូចជាកូនក្មួយ កុំឱ្យប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ដល់អនាគត និងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *