ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិថៃប្រុសស្រី ១០នាក់ រួមជាមួយសារធាតុញៀនជិត ១ម៉ឺនគ្រាប់ នៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖​ យោងតាមរបាយការណ៍​ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា​ កាលពីថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៤​ ជនជាតិថៃមួយក្រុមត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ដោយរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនជាង​ ១ម៉ឺនគ្រាប់។

របាយការណ៍បានបញ្ជាក់ថា​ ជនសង្ស័យទាំង១០នាក់​ មាន៦នាក់ជាបុរស និងស្រី៤នាក់ អាយុចន្លោះពី២៥ឆ្នាំ ដល់៤១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា អំឡុងពេលដើរល្បាតក្នុងភូមិអូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ទន្ទឹមនេះរកឃេីញថ្នាំគ្រាប់មេតំហ្វេតាមីនសរុបចំនួន ១០,៧៤៨គ្រាប់ ត្រូវបានរឹបអូសពីពួកគេក្នុងអំឡុងពេលឆ្មក់ចូល រួមនឹងជញ្ជីងចំនួន៣ផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត​ បានឲ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទកាន់កាប់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

សូមបញ្ជាក់ថា​ កម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ២៣,៦០១នាក់ ក្នុងនោះមានជនបរទេសចំនួន ៨១៦នាក់ ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរឹបអូសបានថ្នាំញៀនសរុបចំនួន ១៣,៣តោន។​ នេះបេីយោងតាមរបាយការណ៍នាយកដ្ឋានប្រឆាំងគ្រឿងញៀន។

ថ្នាំញៀនដែលរឹបអូសបានភាគច្រើនមាន ខេតាមីន មេតំហ្វេតាមីន គ្រីស្តាល់ មេតំហ្វេតាមីន ហេរ៉ូអ៊ីន អេស៊ីស្តាស៊ី និងកូកាអ៊ីន៕

Leave a Reply

Your email address will not be published. Required fields are marked *