(កំពង់ឆ្នាំង) ៖ រយៈពេល ២ថ្ងៃ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង បានចុះល្បាតនៅតាមដងទន្លេក្នុងភូមិសាស្ត្ររបស់ខេត្ត និងបានធ្វើការរុះរើបំផ្លាញចោលរបាំងស្បៃមុង ចំនួន ១៦កន្លែង និងសម្រាស់ ចំនួន ៣២កន្លែង ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញរដ្ឋបាលជលផល ២ក្រុម បានសហការជាមួយកម្លាំងសហគមន៍នេសាទ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកាន់ភូមិសាស្ត្រ ស្រុកបរិបូរណ៍ និងស្រុកជលគិរី ដើម្បីល្បាតឃ្លាំមើលបទល្មើសនេសាទ ដែលតែងតែកើតមាន នៅតាមតំបន់មួយចំនួន ។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងចម្រុះបានប្រទះឃើញបទល្មើស ដោយសម្រេចធ្វើការរុះរើបំផ្លាញនូវរបាំងស្បៃមុង ចំនួន ៦កន្លែង ប្រវែង ៣៥០ម៉ែត្រ លូស្បៃមុង ចំនួន៦ បង្គោលចំនួន ១៥០ដើម និងចាក់លែងត្រីចម្រុះ ចំនួន ៣០គីឡូក្រាម ។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានរុះរើសម្រាស់ ចំនួន ៣២កន្លែង ទំហំ ៨.០០០ម៉ែត្រការ៉េ ។
លោក លី ឡា បានឱ្យដឹងទៀតថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញរដ្ឋបាលជលផល បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះទៅកាន់ភូមិសាស្ត្រ ស្រុកជលគិរី បានប្រទះឃើញ និងរុះរើបំផ្លាញចោល របាំងស្បៃមុង ចំនួន ១០កន្លែង ប្រវែង ៥០០ម៉ែត្រ លូស្បៃមុង ចំនួន១០ បង្គោលចំនួន ៣០០ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន ៦០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ៕