(ភ្នំពេញ) ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឆ្មក់ចុះបង្ក្រាបទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងញៀនដ៏ធំមួយកន្លែង ជ្រកក្រោមស្លាកយីហោ ហាងតែ ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ចំនួន ៩៣នាក់ និងថ្នាំញៀនមួយចំនួន ។
ប្រត្តិបត្តការចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចភោជនីយដ្ឋាន ហាងតែ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ក្នុងរង្វង់ប្រត្តិបត្តការនេះ កម្លាំងកងរាជងាវុធហត្ថ បានឃាត់ខ្លួនជនជាតិខ្មែរ ចិន វៀតណាម សរុបចំនួន ៩៣នាក់ (ស្រី ៤៩នាក់) ព្រមជាមួយថ្នាំញៀនចម្រុះជាង ៤០០កញ្ចប់ បំពង់ខ្យល់ជាង ១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ក្រុមជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕