ព័ត៌មានជាតិ

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ​ណែនាំឱ្យចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់

(ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់ ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង៧០% និងពង្រីក៣០%។

ការថ្លែងនេះរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ក៏បាន​ណែនាំឲ្យ​សិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រដើម្បីធានាគុណភាពផ្លូវ ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់។

ជាមួយគ្នានេះត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួម ថែរក្សាពីសហគមន៍។ ក្នុងនោះត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង។

បើតាមលោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានបង្ហាញថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ៥០.២៦២គីឡូម៉ែត្រ ស្មើនឹង៧៤% នៃផ្លូវទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៣កន្លងនេះ សមិទ្ធផលដែលកម្មវិធីអាទិភាពទី១ សម្រេចបានប្រមាណ៩៧% ក្នុងនោះក៏មានការលើកឡើងអំពីបញ្ហា ការប្រឈម និងការដាក់ទិសដៅការងារបន្ដផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *