(ពោធិ៍សាត់) ៖ បុរសវ័យចំណាស់ម្នាក់ បានជួបគ្រោះថ្នាក់ចរណ៍ លើផ្ទៃទឹក ដោយកាណូតបុកជាមួយនឹងកាណូត បណ្ដាលឱ្យត្រូវចំក្បាល ធ្លាក់ទឹកលុងស្លាប់ រួចជនបង្កបើកកាណូតគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ចាន់ សុខខា នាយប៉ុស្ត៍នគបាលរដ្ឋបាលឃុំរាំងទិល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គិត ញៀន ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានធ្លាក់ទឹកលង់ស្លាប់នៅកន្លែងកើតហេតុ រីឯភាគីបង្ក(មិនស្គាល់អត្តសញ្ណាណគេចខ្លួនបាត់) ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅម្ដុំកន្លែងទីតាំងកើតហេតុ និយាយថា បុរសរងគ្រោះ តែងតែក្រោកពីដំណេកពេលព្រឹកបើកកាណូតចេញទៅនេសាទត្រី តែនៅព្រឹកថ្ងៃកើតហេតុគាត់បានចេញពីផ្ទះដោយឡើងកាណូត អង្គុយលើក្បាលកាណូត ប្រើចង្វាចែវទៅមុខក្នុងទិសដៅពីត្បូងទៅជើង លើផ្ទៃទឹកទន្លេសាប ។ លុះដល់ចំណុចកើតហេតុ ដែលមានព្រៃរបោះតាមមាត់ផ្លូវទន្លេសាបផង ក៏មានកាណូតជនបង្ក ១គ្រឿងទៀត ដែលមិនស្គាល់មុខ ចេញមកតាមក្រោយ ក្នុងទិសដៅស្របគ្នាក្នុងទិសដៅ ពីត្បូងទៅជើង ហើយទំនងជាបាំងនឹងព្រៃ បើកក្នុងល្បឿនលឿន ក៏វាក់នឹងកាណូតនៅខាងមុខ ហើយបុកចំជនរងគ្រោះត្រង់ក្បាលកាណូត និងចំត្រង់ក្បាលជនរងគ្រោះ ដែលកំពុងចែវ បណ្ដាលឱ្យធ្លាក់ទឹក ស្លាប់លិចបាត់ ឯជនបង្កបើកគេចខ្លួនបាត់តែម្ដង ។
លោក ចាន់ សុខខា នាយប៉ុស្ត៍នគរបាលដ្ឋបាលរាំងទិល បានឱ្យដឹងថា ក្រោយពេលកើតហេតុនោះ ភ្លាមៗពលរដ្ឋបានរាយការណ៍ឱ្យដឹង លោកបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ឃើញតែទូកកាណូតអណ្ដែតលើផ្ទៃទឹកទន្លេ មិនឃើញមនុស្ស លោកក៏បានឱ្យអ្នកភូមិទីនោះ នាំគ្នាមុជរាវរក លុះបានមួយសន្ទុះធំ ក៏ឃើញជនរងគ្រោះស្លាប់តែម្ដង ។
លោកបន្តថា តាមកាពិនិត្យស្លាកស្នាមកាណូត និងជនរគ្រោះ គឺជនបង្កបានបើកកាណូតក្នុងល្បឿនលឿន បុកត្រូវក្បាលកាណូត ហើយត្រូវទាំងក្បាលជនរងគ្រោះ បណ្ដាលឱ្យត្រូវរបួសធ្ងន់ ហើយធ្លាក់ទឹកលង់ស្លាប់តែម្ដង ។
បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនបង្កដើម្បីយកមកទទួលខុសត្រូវតាមផ្លូវច្បាប់ ។ ចំពោះសាកសព (ជនរងគ្រោះ) សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសពតាមបញ្ជារបស់ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី ៕