(មណ្ឌលគិរី) ៖ មុខសញ្ញាលួចយ៉ាងសកម្ម និងអ្នកទទួលផលចោរកម្ម រួមជាមួយអាវុធកែច្នៃជាច្រើន ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងនគរបាលខេត្ត នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានល្បាតនៅក្នុងមូលដ្ឋាន បានប្រទះឃើញមុខសញ្ញាលួចសកម្ម ដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំណុចឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន) ភ្លាមៗសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ។
ក្រោយសួរនាំរួច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចភូមិ/ឃុំខាងលើជាច្រើនលើកពិតប្រាកដមែន ហើយបានយកទៅលក់ឱ្យឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់) មានអាសយដ្ឋានភូមិរហារ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ចំនួន ៣ម៉ូតូ ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ បានបន្តថា ក្រោយពីការស្រាវជ្រាវ និងបានចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផែនការនគរបាលព្រហ្មទណ្ឌ បានការសម្របសម្រួលដោយ លោក អ៊ាង សុគុន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការពន្លាតដែនដី និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ចុះដល់ចំណុចដែលសង្ស័យថា ជាទីតាំងទទួលផលចោរកម្ម និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ទៀត ទី១-ឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់) ទី២-ឈ្មោះ ភឿន ញេន ទី៣-ឈ្មោះ សេង ម៉ាប់ (ហៅតាកូរ៉េ) ។
ក្នុងករណីលួច និងទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់ខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូ Yamaha Exciter ចំនួន ១គ្រឿង ម៉ូតូ Honda Wave Alpha ចំនួន ១គ្រឿង ទូរសព្ទដៃ ចំនួន ២គ្រឿង ម៉្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន ១កញ្ចប់ធំល្មម និង ៨កញ្ចប់តូច កាំភ្លើងកែច្នៃ (ប្រើហ្គាស) ចំនួន ៤ដើម ដាវចំនួន ៣ដើម ពូថៅចំនួន ៣ កាំបិតផ្គាក់ ចំនួន ២ដើម ។
បច្ចុប្បន្ន ជនសង្ស័យដែលបានឃាត់ខ្លួន ចំនួន ៤នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕