(កែប) ៖ អណ្តើកសមុទ្រ (ល្មិច) ចំនួន ៣ក្បាល ទម្ងន់ជាង ១០០គ.ក ត្រូវបានអភិបាលខេត្តកែប លែងចូលសមុទ្រវិញ បន្ទាប់ពីអ្នកនេសាទនៅលើកោះពោធិ៍ នេសាទបាន និងប្រគល់ជូនមន្រ្តីជំនាញ ។
នេះជាសញ្ញាល្អមួយ ដែលអ្នកនេសាទមានការយល់ដឹងអំពីប្រយោជន៍ ក្នុងការថែរក្សា គាំពារ សត្វសមុទ្រ ដែលជាសត្វកម្រ ដូចជាប្រភេទសត្វល្មិចនេះជាដើម ។
មានប្រសាសន៍នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ការលែងសត្វល្មិចនេះ ជាការបញ្ជាក់ពីការចូលរួមរវាងអ្នកនេសាទ និងមន្ត្រីជំនាញ ក្នុងការរួមសាមគ្គីគ្នា ដើម្បីថែរក្សាជីវចម្រុះដ៏កម្រក្នុងសមុទ្រខេត្តកែបឱ្យបានគង់វង្ស ។
ក្នុងនោះ លោក សោម ពិសិដ្ឋ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជានេសាទ ត្រូវបន្តចូលរួមថែរក្សាសត្វសមុទ្រ ពិសេសប្រភេទសត្វកម្រ ដូចជាត្រីដូហ្វីន ជ្រូកទឹក និងសត្វល្មិចនេះជាដើម ឱ្យបានគង់វង្ស ក្រៅពីនេះត្រូវបង្កើនការការពារ អភិរក្ស ដោយប្រើប្រាស់ធនធានជលផលសមុទ្រ ប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយចក្ខុវិស័យជលផលជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែរីកចម្រើន ៕