ព័ត៌មានជាតិ

អគ្គស្នងការរងនគរបាលជាតិ ដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលខណ្ឌទាំង១៤ ទប់ស្កាត់បញ្ហាក្មេងទំនើង ដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង

(ភ្នំពេញ) ៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យមន្ត្រីនគរបាល ពង្រឹងការគោរពច្បាប់ និងជំនាញ និងបានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់បញ្ហាក្មេងទំនើង ដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈទប់ស្កាត់ និងបង្ការបគ្រឿងញៀន ល្បែងស៊ីសង ឆ្នោតផ្សងសំណាងខុសច្បាប់ អំពើឆក់ លួច គាស់ផ្ទះ និងឱ្យណែនាំសហការជាមួយម្ចាស់បុរី ដើម្បីទប់ស្កាត់បញ្ហាបទល្មើសកើតឡើងក្នុងបុរី ជាដើម។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដូចនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ លោកបានលើកឡើងថា ត្រូវចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ឱ្យកាន់តែមានប្រសិទ្ធភាព ដូចជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានសម្តែងការអបអរសាទរចំពោះមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបទទួលបានតម្លើងឋានន្តសក្តិ និងតែងតាំមុខតំណែងថ្មី ដែលជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាការតបស្នងនូវការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបម្រើប្រជាពលរដ្ឋបានល្អ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១រូប ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិ ជូនលោកលោកស្រីស្នងការរងថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន១០រូប, ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន៧រូប, ថ្នាក់វរសេនីយ៍ឯក ចំនួន២រូប ប្រកាសតែងតាំងមុខតំណែងលោកអធិការខណ្ឌ៧មករា ១រូបនិង ជំនួយការ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន១រូប៕

Leave a Reply

Your email address will not be published. Required fields are marked *