ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបចំពិធីចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម

(ត្បូងឃ្មុំ) ៖ ពិធីចាប់ត្រីនៅបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តិទៅតាមការគ្រោងទុក ក្នុងឆ្នាំ២០២៤ នេះ ពោលគឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈពិធីនេះបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ។

ឆ្នាំ២០២៤ នេះ ក៏មិនខុសឆ្នាំមុនៗដែរ គឺមានប្រជាពលរដ្ឋមកចូលរួមចាប់ត្រីតាមបែបប្រពៃណីបុរាណរាប់ពាន់នាក់ ខណៈគ្រាន់តែព្រះអាទិត្យរះឡើងគឺមានបងប្អូនប្រជាពលរដ្ឋមករង់ចាំយ៉ាងច្រើនកុះករ ដើម្បីត្រៀមចាប់ត្រី ជាមួយឧបករ ដូចជាអង្រុត ឈ្នៀង ត្រក់ ក្អក ។ល ។

ជាមួយការចូលរួមយ៉ាងសប្បាយរីករាយនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ក៏បានផ្តល់ការរៀបចំនំបញ្ចុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមពិធីចាប់ត្រីនេះ ទទួលទានផងដែរ ។

សូមជម្រាបថា បឹងត្រពាំងក្រម ដែលស្ថិតនៅក្នុងភូមិសាទំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺមានអាយុកាលរាប់រយឆ្នាំមកហើយ ខណៈកម្មវិធីចាប់ត្រីតាមបែបប្រពៃណី បុរាណនេះ ក៏កើតមានតាំងពីយូរលង់មកហើយដែរ នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកមេមត់ ៕

Leave a Reply

Your email address will not be published. Required fields are marked *