(កំពង់ស្ពឺ) ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ប្រដាប់ដោយកាំបិតផ្គាក់ ចំនួន ៥នាក់ នៅស្រុកភ្នំស្រួច ដែលរត់ដេញកាប់ប្រហារគ្នា ។
បន្ទាប់ពីឃើញវីដេអូរត់ដេញកាប់គ្នានៅតាមបណ្ដាញសង្គ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុក ដើម្បីស្រាវជ្រាវបង្ក្រាប ។
ជាលទ្ធផល កម្លាំងជំនាញបានចាប់ខ្លួនក្រុមក្មេងទំនើង ចំនួន ៥នាក់ ហើយបានសារភាពពួកគេថតវីដេអូខ្លីៗរួចបង្ហោះតាមបណ្ដាញសង្គម TikTok ចែកចាយដល់ក្រុមសមាសភាពផ្សេងទៀតឱ្យដឹងថា ក្រុមខ្លួនមានអាវុធ និងចង់បង្អួតដល់ដៃគូរផងដែរក្នុងការត្រៀមប្រយុទ្ធក្នុងកាលៈទេសៈណាមួយនៅពេលក្រោយ ។
ចំពោះវីដេអូខាងលើនេះ ថត និងបានបង្ហោះកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ និងដកហូតវត្ថុតាងជាក់ស្ដែងរួមមាន ទូរសព្ទដៃ ១គ្រឿង ម៉ាក iPhone 11 ពណ៌ខ្មៅ, កាំបិតផ្គាក់ ១ដើម, ម៉ូតូ ១គ្រឿង ។
ករណីខាងលើនេះ ជំនាញបានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីបន្ដ ៕