ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋ រស់នៅក្នុងអាណាចក្រសង្កាត់អូរស្មាច់ ក្រុងសំរោង សព្វថ្ងៃមានការភ័យខ្លាចខ្លាំងណាស់ពីសកម្មភាព នៃការប្រព្រឹត្តបទល្មើសគ្រប់ប្រភេទរបស់ពួកជនជាតិចិនមួយចំនួន

ខេត្តឧត្តរមានជ័យ : ថ្មីៗនេះអ្នកសារព័ត៌មាន បានទទួលព័ត៌មាន ក៏ដូចជាសេចក្តីរាយការណ៍ជាច្រើន ពីប្រជាពលរដ្ឋរស់នៅក្នុងទឹកដី នៃជួរភ្នំដងរែក ខេត្តឧត្តរ មានជ័យ បានទូរស័ព្ទ និងប្រាប់តាមប្រព័ន្ធTelegram ថា : មួយរយ:ពេលចុងក្រោយ នៃចុងឆ្នាំ ២០២៤នេះ នៅក្នុងទឹកដី នៃអាណាចក្រខេត្តឧត្តរមានជ័យ ពិសេសគឺក្នុងដែនដីសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអាជីវករលក់ដូរក្នុងផ្សារ ទាំងអ្នករកទទួលទានផ្សេងៗ តាមផ្ទះជាលក្ខណ:គ្រួសារ និង អ្នកប្រកបរបររត់តាក់ស៊ី , រុឺម៉កកង់បី , រត់ម៉ូតូឌុប , ក៏ដូចជាប្រជាកសិករ បាននឹងកំពុង មានក្តីព្រួយបារម្ភ ភ័យខ្លាចជាខ្លាំង អំពីបញ្ហាសុវត្ថិភាព សន្តិសុខនៃ ការរស់នៅក្នុងមូលដ្ឋាន

បងប្អូនប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានអំពីរឿងរ៉ាវដែលកើតឡើងផ្ទួនៗ ដូចជាករណី ជនជាតិចិនវ៉ៃកាប់ចាក់គ្នា និង ករណីជនជាតិចិនចាប់ជនជាតិ វៀតណាម , ករណីគ្រោះថ្នាក់ ចរាចរណ៍បង្កការភ័យខ្លាចខ្លាំងណាស់ដល់ប្រជាពលរដ្ឋខ្មែរនៅតំបន់អូរស្មាច់ ប្រភពបានបញ្ជាក់ថា : ជាក់ស្តែងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាយប់ កើតមានករណីជនជាតិចិនកាប់ចាក់គ្នា ហើយក្នុងថ្ងៃដដែលនៅវេលាម៉ោង០៣ : ០០ មានករណី ជនជាតិចិន បានចាប់ជនជាតិវៀតណាមចំនួន០២នាក់ចងជើង និងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ក ឡើងដោយជនជាតិចិនជាអ្នកបើកឡាន បានបើកឡានបុកប្រជាពលរដ្ឋបណ្តាលអោយរងរបួសធ្ងន់ធ្ងរចំនួនពីរនាក់ ផងដែរ មកទល់នឹងពេលនេះគេនៅពុំទាន់ឃើញខាងណាចេញមុខទទួលខុសត្រូវនៅឡើយទេ ?

បងប្អូនប្រជាពល រដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់អូរស្មាច់ នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសំណូមពរ ហើយស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តម អភិបាលខេត្ត មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្ត និងជាគណ:បញ្ជាការឯកភាពខេត្ត ព្រមទាំងអស់លោកមេៗកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំណុះខេត្តឧត្តរមានជ័យ មេត្តាយកចិត្តទុកដាក់ជួយត្រួតពិនិត្យ និងចុះល្បាតជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ទឹកដីសង្កាត់អូរស្មាច់ផងទាន ដើម្បី ផ្តល់នូវភាពកក់ក្តៅ និងមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរស្មាច់ ៕

ផ្សាយបន្តប្រភពអ្នកព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *