ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើង ៣នាក់ ខំប្ដូរឈ្មោះក្រុម នៅតែគេចមិនផុតពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ

ក្មេង​ទំនើង ៣នាក់ ធ្លាប់​ជា​សមាជិក​ក្រុម Team 98 តែ​ដោយ​សមត្ថកិច្ច​តាម​ចាប់​ពេក បាន​បំបែក​ក្រុម និង​ប្ដូរ​ឈ្មោះ​មក​ជា Team មុខ​ព្រលាន​វិញ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន និង​យក​មក​អប់រំ​តាម​វិធានការ​រដ្ឋបាល ។

អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្នុង​ដើមខែ​ធ្នូ ឆ្នាំ២០២៤ នេះ ដោយ​មាន​បទបញ្ជា​ម៉ឺងម៉ាត់​របស់ ​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​អាវុធហត្ថ​តាម​បណ្ដា​មូលដ្ឋាន​ខណ្ឌ​ទាំង១៤ បាន​បន្ត​ចុះ​បង្ក្រាប និង​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង នៅ​តាម​គោលដៅ​សំខាន់ៗ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម និង​បាន​ចាត់​វិធានការ​អប់រំ​លើ​ក្មេង​ទំនើង​សរុប ៨៧នាក់ ដែល​បាន​ប្រមូលផ្ដុំ​គ្នា​កណ្ដាល​អធ្រាត្រ​មិន​ចូល​ផ្ទះ ផឹក​ស្រា ជក់​វែប នៅ​ទី​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ។

អាវុធហត្ថ​ បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​នោះ មាន​ក្មេង​ទំនើង ៣នាក់ ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ក្មេង​ទំនើង Team 98 តែ​ដោយ​សមត្ថកិច្ច​តាម​ចាប់ Team 98 ពេក ក៏បាន​បំបែក​ក្រុម និង​ប្ដូរ​ឈ្មោះ​មក​ជា Team មុខ​ព្រលាន​វិញ តែ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្នុង​មូលដ្ឋាន​ខណ្ឌ​កំបូល​ ធ្វើការ​ឃាត់ខ្លួន និង​យក​មក​អប់រំ​តាម​វិធានការ​រដ្ឋបាល ដែល​ក្រុម​នេះ​មាន​ប្រវត្តិ​ធ្លាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដេញ​វាយ​គ្នា ជាមួយ​ក្រុម​ទំនើង​ផ្សេងទៀត ជាច្រើនលើក ។ ជាពិសេស សមាជិក​មួយ​ចំនួន ធ្លាប់​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ ផង​ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *