(ភ្នំពេញ) ៖ នគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ក្នុងនោះម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) នៅក្នុងដង្កោ និង៣នាក់ទៀត កាប់ប្លន់យកម៉ូតូ នៅខណ្ឌព្រែកព្នៅ។
ជនសង្ស័យដែលបង្ហាញមុខ ឈ្មោះ អ៊ុត ឆេងហ៊ត ភេទប្រុស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាជនដៃដល់ប៉ុនប៉ងឃាតកម្ម។ ចំណែក ៣នាក់ ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូឈ្មោះ ធា គ្រី ហៅ ម៉ារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនដៃដល់)។ ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិជំរៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនដៃដល់) និងឈ្មោះ ហាក់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទទួលផលចោរកម្ម)។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាផែនព្រហ្មទណ្ឌដឹកនាំកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រមទាំងនគបាលអធិការដ្ឋានខណ្ឌដង្កោ និងអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ ប៊ុន សត្យា បានឱ្យដឹងទៀតថា ជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ចំនួន ២ករណីក ដោយរណីទី១ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) ប្រព្រឹត្តនៅ ចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣៥នាទី។
ជនសង្ស័យ ឈ្មោះ អ៊ុត ឆេងហ៊ត ភេទប្រុស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដង្កោ ស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យកាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ក្រុងបាវិត ខេត្តស្វាយរៀង។
ករណីទី២ ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា(យកកាំបិតប៉័ងតោកាប់ជនរងគ្រោះដាច់ដាច់រយះកំភួនដៃឆ្វេងរងរបួសដេរចំនួន ៧ផ្ទេរ ប្លន់យកម៉ូតូម៉ាកស៊ុយបហ្ស៊ីយគីនិច ពណ៌ទឹកក្រូច សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខព្រះវិហារ១០-៣៤១៩) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤៕