ឧត្តរមានជ័យ៖ កម្លាំងសមត្ថកិច្ចស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងមន្ត្រីបរិស្ថាន បានឃាត់ខ្លួនបុរស ២នាក់ ពីបទដាក់អន្ទាក់ និងដាក់ខ្សែលួសឆក់យកសត្វព្រៃ បណ្តាលឲ្យសត្វទន្សោង ១ក្បាលងាប់ នៅក្នុងដីចម្ការក្រូចមួយកន្លែង មានម្ចាស់ឈ្មោះ ផែន ស្ថិតក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ជនសង្ស័យឈ្មោះ តូ ដា ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ បូ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់នេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានឱ្យដឹងថា សត្វព្រៃគ្រប់ប្រភេទកំពុងមានហានិភ័យ ដោយសារតែក្រុមព្រានបរបាញ់សត្វព្រៃយកសាច់ទៅលក់នៅលើទីផ្សារ និងនៅតាមអាហារដ្ឋាននានាក្នុងស្រុកជារៀងរាល់ថ្ងៃមិនដែលដាច់ ។ ក្រុមអ្នកប្រមាញ់សត្វទាំងនេះ អាចធ្វើទៅបានដោយសារតែមានការគុបឃិតគ្នារវាងក្រុមព្រាន និងសមត្ថកិច្ចមួយចំនួនតូច ទើបពួកគេអាចធ្វើទៅបាន។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថា នខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កម្លាំងបរិស្ថានតែងតែធ្វើការដើរល្បាតព្រៃ និងធ្វើការស៊ើបអង្កេតពួកក្រុមព្រានបរបាញ់សត្វជាប្រចាំ ខណៈនោះនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងបរិស្ថាន បានជួបប្រទះឃើញក្រុមព្រានចំនួន ២នាក់ កំពុងតែពន្លះយកសាច់ទន្សោង។ ភ្លាមៗនោះ បានធ្វើការបង្ក្រាបដោយឃាត់ខ្លួទាំង ២នាក់ រួមទាំងវត្ថុតាងម៉ូតូចំនួន ២គ្រឿង ត្រាក់ទ័រចំនួន ១គ្រឿង គោយន្តកន្ទ្រៃចំនួន ១គ្រឿង និងអន្ទាក់ខ្សែលួសសម្រាប់ដាក់ និងឆក់ដោយប្រើប្រាសប្រព័ន្ធឆក់ចរន្តភ្លើងចអាគុយ។
ជនសង្ស័យទាំង ពីរនាក់នេះ កំពុងធ្វើការសាកសួរចម្លើយនៅក្នុងមន្ទីរបរិស្ថាន ដើម្បីវែករកមុខក្រុមព្រានបន្តទៀត ។ ក្រោយធ្វើការសាកសួរចម្លើយរួច ត្រូវបានកសាងសំណុំរឿងជនសង្ស័យទាំង ២នាក់ បញ្ជូនទៅតុលាការ៕