(ព្រះសីហនុ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៩យប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចម្តុំសាខាពន្ធដារខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សា ដោយចេតនា មួយកើតឡើងបង្កដោយភាគី២ក្រុម ដោយភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង ២ក្រុម បានរត់គេចខ្លួនបាត់អស់ ។
ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់, រហូតដល់វេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី៥ ខែធ្នូ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន ៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់បីចំនួន ៨គ្រឿង នៅចំណុចមុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបានបន្តឃាត់ខ្លួនបានបក្ខពួកក្រុមម៉ូតូកង់បីចំនួន នាក់ផ្សេងទៀត ដោយដកហូតបានម៉ូតូកង់៣ចំនួន ៩គ្រឿង បន្ថែមទៀត នៅចំណុចម្តុំព្រៃស្វា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងស្រាវជ្រាវបន្ត ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរហូតឈានចូលយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ច បានបន្តឃាត់ខ្លួនក្រុមដឹកជញ្ជូន WowNow ជាបន្តបន្ទាប់សរុបចំនួន១១នាក់បន្ថែមទៀត ដែលសង្ស័យពាក់ព័ន្ធនឹងករណីខាងលើ យកមកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនបានមនុស្សចំនួន ២៩នាក់ (ក្រុមម៉ូតូកង់បី ១៨នាក់ និងក្រុមដឹកជញ្ជូន WowNow ១១នាក់) ។
សម្ភារវត្ថុតាងចាប់យកបានជាក់ស្តែង៖
*ម៉ូតូកង់៣ចំនួន១៧គ្រឿង
*ម៉ូតូចំនួន៧គ្រឿង
*ទូរស័ព្ទមួយចំនួន។
ចំពោះជនសង្ស័យចំនួន ២៩នាក់ ក្នុងនោះ រកឃើញម្នាក់មានសារធាតុញៀនក្នុងទឹកនោម ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៩នាក់ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តនីតិវិធីបន្ត ៕