(ស្ទឹងត្រែង) ៖ អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ សូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ស្ពានបាឡេ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅឃុំអូររៃ និងឃុំកាំងចាម ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ចំពោះការខកខានមិនបានបានប្រើប្រាស់ស្ពានខាងលើក្នុងរយៈពេលខ្លីបំផុត ដែលខណៈពេលនេះអាជ្ញាធរស្រុក កំពុងជំរុញក្រុមជាង ឱ្យញាប់ដៃជើងក្នុងការជួសជុលឡើងវិញជាបន្ទាន់ ដើម្បីបញ្ជៀសការរាំងស្ទះការធ្វើដំណើររបស់បងប្អូន ។
អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានឱ្យថា ស្ពានបាឡេដែលរងការខូចខាតខាងលើ មានចំនួន ០២ ខ្សែ ដែលមានប្រវែងសរុបជិត ៦០ ម៉ែត្រ ត្រង់ចំណុចអូរល្វារ និងអូរកំបោរ ក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកអភិបាលស្រុក បានបន្តថា ខណៈស្ពានកំពុងជួសជុល គឺមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់នោះទេ តែស្រុកបានធ្វើផ្លូវបណ្ដោះអាសន្នមួយ ដើម្បីឱ្យប្រជាពលរដ្ឋបានឆ្លងកាត់រួចហើយ ។
លោកអភិបាលស្រុក បានបន្តឱ្យដឹងទៀតថា ស្ពានខាងលើមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលបានប្រើប្រាស់ស្ពាននេះ ដើម្បីដឹកកសិផលផ្សេងៗដែលពួកគាត់ធ្វើបាន មកកាន់ទីផ្សារ ដូច្នេះអាជ្ញារស្រុកបានចុះជំរុញក្រុមជាង និងធ្វើការអំពាវនាវឱ្យមានការចូលរួមពីសប្បុរសជនថែមទៀតផងដែរ ដើម្បីដំណើរការឱ្យបានឆាប់ហើយរួចរាល់ ៕