ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរចរណ៍ក្នុងឆ្នាំ២០២៣ មានអ្នកស្លាប់ និងរងរបួសជាង ៦០០០នាក់

(ភ្នំពេញ) ៖ មនុស្សយ៉ាងតិចចំនួន ១,៥៩០នាក់ បានស្លាប់ និង៤,៥១៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២៣។ មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ច្រើនជាងគេ គឺដោយសារល្បឿន។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ចេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣,៣១៧លើក កើនឡើងចំនួន ៣៤១លើក ស្មើនឹង១១ភាគរយ ខណៈឆ្នាំ២០២២ គ្រោះថ្នាក់បានកើតឡើងត្រឹមតែចំនួន ២៩៧៦លើក។ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានចំនួន ១,៥៩០នាក់ ថយចុះចំនួន ១១៩នាក់ ស្មើនឹង ៧ភាគរយ ដោយឆ្នាំ២០២២ មានអ្នកស្លាប់រហូតដល់ ១,៧០៩នាក់ ខណៈអ្នករងរបួសបានកើតឡើងចំនួន ៤,៥១៥នាក់ កើនឡើងចំនួន ៤៨៩នាក់ ស្មើនឹង១២ភាគរយ។

របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដដែល ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែល្បឿន ៤១ភាគរយ, មិនគោរពសិទ្ធ ២២ភាគរយ, មិនប្រកាន់ស្ដាំ ៩ភាគរយ, បត់មិនប្រយ័ត្ន ៩ភាគរយ, ជែងគ្រោះថ្នាក់៧ភាគរយ, កត្តាយាន ៥ភាគរយ, ស្រវឹង ៣ភាគរយ, សញ្ញាចរាចរណ៍១ភាគរយ, ងងុយដេក១ភាគរយ ខណៈបណ្តាលមកពីអាកាសធាតុ ១ភាគរយ។

ប្រភេទយានដែលបានបង្ករឲ្យមានគ្រោះថ្នាក់មាន ម៉ូតូ ៤៧ភាគរយ, រថយន្តធុនស្រាល ៣៤ភាគរយ, រថយន្តធុនធ្ងន់ ១១ភាគរយ, យានផ្សេងៗចំនួន ៧ភាគរយ ខណៈថ្មើរជើង ២ភាគរយ៕

Leave a Reply

Your email address will not be published. Required fields are marked *