(ភ្នំពេញ) ៖ បុរសចំណាស់វ័យ ៦៣ឆ្នាំម្នាក់ ត្រូវរថយន្តរថយន្ត១គ្រឿងបើកមកបុកផ្ទប់នឹងតូបកាហ្វេ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូសំដៅទៅមន្ទីរពេទ្យ ទៅមើលសាច់ញាតិ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ម្តុំវត្តជុំ ផ្លូវបំបែកជា៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុ បានឃើញបុរសរងគ្រោះ កំពុងបើកបរម៉ូតូ រីឯប្រពន្ធរបស់គាត់កំពុងបើកបរម៉ូតូ១គ្រឿងដូចគ្នាតាមពីក្រោយ ដោយបុរសរងគ្រោះធ្វើដំណើរមកមុនរាងឆ្ងាយជាងប្រពន្ធបន្តិច ពេលបុរសរងគ្រោះខាងលើជិះម៉ូតូដល់ចំណុចតូបខាងហ្វេ ដែលមានស្លាកយីហោ រ៉ានីកាហ្វេ ត្រង់ចំណុចផ្លូវបំបែកជា៣ ក៏ស្រាប់តែឃើញរថយន្តបង្កម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL-6655 បើកបរក្នុងល្បឿនលឿន សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង។ ឃើញដូចនេះ បុរសរងគ្រោះបានបន្ថយល្បឿន រួចបើកភ្លើងស៊ីញ៉ូសុំផ្លូវមុនបត់ស្តាំ រួចចាំរថយន្តបង្កទៅឱ្យផុតសិន នឹងបានធ្វើដំណើរបន្ត តែជាអកុសលរថយន្តបង្កមិនបានបត់ទៅឆ្វេង ឬស្តាំនោះទេ គេបើកសំដៅទៅបុកបុរសរងគ្រោះវ័យ ៦៣ឆ្នាំខាងលើទាំងកំរោល បណ្តាលឲ្យម៉ូតូនៅក្រោមកង់រថយន្ត ខណៈមនុសរបួសធ្ងន់រហូតដាច់ខ្យល់ស្លាប់នៅនឹងកន្លែង ជាមួយឈាមហូរដាបពេញផ្លូវ។
ករណីខាងលើនេះ រថយន្តបានបុករះទៅលើមនុស្សម្នាក់ ម៉ូតូ១គ្រឿង បង្កការខូចខាតដល់តូបកាហ្វេ ធុងទឹកអំពៅ និងសម្ភារមួយចំនួនទៀតនៅកន្លែងកើតហេតុ។ បន្ទាប់ពីបុករួចប្រជាពលរដ្ឋនាំគ្នាឃាត់ម្ចាស់រថយន្ត ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីឃាត់ខ្លួនម្ចាស់រថយន្តយកទៅធ្វើការសាកសួរបន្តតាមនីតិវិធីច្បាប់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា។
រីឯសពជនរងគ្រោះ ដែលមានឈ្មោះ នួន វណ្ណារិទ្ធ វ័យ៦៣ឆ្នាំខាងលើ ត្រូវបានក្រុមគ្រួសារមកទទួលយក។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕