(កំពត) ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសពយុវជនម្នាក់ នៅក្នុងរណ្តៅការដ្ឋានសាងសង់ស្ពានមួយកន្លែង រួចប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះពិនិត្យរកមូលហេតុនៃការបាត់បង់ជីវិតដ៏គួរឱ្យរន្ធត់នោះ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិក្រាំងអំពៅ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកដងទង់ បានឱ្យដឹងថា កាលពីព្រលឹមថ្ងៃទី៦ ខែមករា អ្នកដំណើរឆ្លងកាត់ភូមិក្រាំងអំពៅ ឃុំដំណាក់សុក្រំ បានប្រទះឃើញសពយុវជនម្នាក់ស្ថិតក្នុងរណ្តៅ ដែលគេជីកសាងសង់ស្ពានមួយកន្លែងបង្កការភ្ញាក់ផ្អើល ទើបរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ។ តាមរយៈការធ្វើកោសលវិច័យរបស់មន្ត្រីជំនាញ ជនរងគ្រោះបានជិះម៉ូតូធ្លាក់ចូលរណ្តៅការដ្ឋានសំណង់ដោយខ្លួនឯង ពោលគឺ មិនពាក់ព័ន្ធនឹងអំពើឃាតកម្មបង្កឡើងពីសំណាក់ជនណាម្នាក់ឡើយ ។
សមត្ថកិច្ចដដែល បានបញ្ជាក់ថា យុវជនរងគ្រោះឈ្មោះ មាស ចិត្រា អាយុ ២៤ឆ្នាំ មានទីលំនៅភូមិក្រាំងអំពៅ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ។ ហេតុការណ៍នេះ អាចកើតឡើងនៅវេលាម៉ោងប្រហែលជិត ១១យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សព និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1G-9536 ជូនក្រុមគ្រួសារនាំយកទៅលំនៅស្ថានក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ ៕