ព័ត៌មានសន្តិសុខសង្គម

ឡានដឹកឈើ​១គ្រឿង សង្ស័យអ្នកបើកងងុយដេក រេចង្កូតធ្លាក់ផ្លូវស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅខេត្តព្រះវិហារ

(ព្រះវិហារ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់ បង្កឡើងដោយរថយន្តដឹកឈើពេញប្រៀបតែម្តង ដោយសារតែអ្នកបើកបរសង្ស័យងងុយដេក រេចង្កូតជ្រុលធ្លាក់ផ្លូវដោយខ្លួនឯង ហើយបុកដើមឈើក្បែនោះពេញទំហឹង បណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លង និងអ្នករួមដំណើររងរបួសធ្លន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអគ្គស្រអែម ។

ករណីរថយន្តដឹកឈើបើកបរធ្លាក់ផ្លូវបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់នោះ បានកើតឡើង នៅវេលាម៉ោងប្រហែល៤​ទៀបភ្លឺ​ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ត្រង់ចំណុចទីឈិនពណ៌ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

តាម​ប្រភពពីសមត្ថកិច្ចចរាចរណ៍ថាជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ ធី ថន ភេទ ប្រុស អាយុ​ ៣៥ឆ្នាំ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង) និងម្នាក់ទៀតអ្នករួមដំណើរឈ្មោះ តន់ សារ៉ូ ភេទប្រុស អាយុ ៣៦​ឆ្នាំ​ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ (បាក់ភ្លៅទាំងសងខាង) ។

រថយន្តដឹកបទល្មើសបង្ករគ្រោះថ្នាក់នោះម៉ាក​កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-4229 ហើយបានរងការខូចខាតធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ សពជនរងគ្រោះ​ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តឧត្តរមានជ័យ ឯអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យអគ្គស្រអែម និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *