ព័ត៌មានជាតិ

ឈ្វេងយល់ពីប្រវត្តិបុណ្យទន្លេ ខណៈបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ នឹងមានភ្ញៀវចូលរួមលេងកម្សាន្ត ១លាននាក់ លើទឹកដីអង្គរសៀមរាប

(​ភ្នំពេញ) ៖ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បុណ្យទន្លេលើកទី៨ នឹងត្រូវប្រារព្ធឡើងនៅខេត្តសៀមរាប ស្ថិតនៅទីតាំងតាមដងស្ទឹងសៀមរាប ចាប់ពីសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ រហូតទៅដល់ តំបន់ផាប់ស្ទ្រីត​ ក្រោមប្រធានបទ​ «ទន្លេ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨នេះដែរ។ ​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានដាក់ក្ដីរំពឹងថា បុណ្យទន្លេលើកទី៨នេះ នឹងមានទៅលេងកម្សាន្តចំនួន១លាននាក់។

យោងតាមក្រសួងទេសចរណ៍ឲ្យដឹងថា​ គោលបំណងនៃពិធីបុណ្យសទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។​

ម៉្យាងវិញទៀត ពិធីបុណ្យទន្លេប្រារព្ធឡើង ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់បានចូលរួមកម្សាន្តជាមួយនឹងសកម្មភាពមួយចំនួនដូចជា កីឡាប្រណាំងកង់ រត់ប្រណាំង កីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់អន្តរជាតិ ការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ពីសិល្បករ សិល្បការិនី ជាតិ និងអន្តរជាតិ ការអុជកាំជ្រួច និងមានការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាមហោរស្រពម្ហូបអាហារ។ សម្រាប់ឆ្នាំ២០២៤ បុណ្យទន្លេលើកទី៨ នេះ នឹងមានការចូលរួមពីសំណាក់បវរកញ្ញាពិភពលោកថែមទៀតផង។

​តាមរយៈសំណើរបស់ក្រសួងទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា បុណ្យទន្លេត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី១ ឬសប្ដាហ៍ទី២ នៃខែមីនាជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានផ្ដល់សិទ្ធិឲ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍អាចចេញប្រកាសកំណត់លម្អិត រាល់វិធាន និងនីតិវិធីនៃការរៀបចំបុណ្យទន្លេ។

សូមជម្រាបជូនថា បុណ្យទន្លេលើកទី១ បានប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍសហគមន៍»។ ក្រោមអធិបតីភាពសម្ដេចវិបុលបញ្ញា សុខ អាន តំណាងសម្ដេចតេជោ ហ៊ុន សែន។ ដែលបុណ្យទន្លេ​នេះមានអ្នកចូលរួមកម្សាន្ត១០ម៉ឺននាក់។

បុណ្យទន្លេលើកទី២ បានប្រារព្ធឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ​​ «ទន្លេស្អាត សហគមន៍ល្អ និងការអភិវឌ្ឍទេសចរណ៍»។

ឯបុណ្យទន្លេលើកទី៣ បានប្រារព្ធឡើងចាប់ពីថ្ងៃទី ដល់ថ្ងៃទី ខែមីនា ឆ្នាំ២០១៧ បានប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន » ក្រោមការអញ្ជើញចូលរួមជាអធិតីពីសំណាក់លោក យឹម ឆៃលី​ តំណាងសម្ដេចតេជោ ហ៊ុន សែន។

រីឯបុណ្យទន្លេលើកទី៤ បានប្រារព្ធឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» រៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។ ក្រោមអធិតីភាពរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​​ សែន។

ចំណែកបុណ្យទន្លេលើកទី៥ បានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១៥ ដល់១៧ ខែ មីនា ឆ្នាំ២០១៩ ក្រោមប្រធានប​ទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។

រីឯបុណ្យទន្លេលើកទី៦ បានរៀបចំឡើងនៅក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សម្រាប់ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ កម្ពុជា មិនបានប្រារព្ធពីធីបុណ្យទន្លេឡើយ​ ដោយសារតែជាប់ដៃប្រយុទ្ធជាមួយវិបត្តិកូវីដ-១៩ ដែលរាតត្បាតយ៉ាងគំហុកក្នុងប្រទេសកម្ពុជា។

​ចំណែកបុណ្យទន្លេលើកទី៧ បានប្រារព្ធឡើងវិញនៅក្នុងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន​ សែន៕

 

Leave a Reply

Your email address will not be published. Required fields are marked *