ព័ត៌មានសន្តិសុខសង្គម

សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ

ក្រុមព័ត៌មានបណ្តាញសង្គម នៃរដ្ឋបាលស្រុកអង្គរបូរី មានកិត្តិយសសូមប្រកាសព័ត៌មាន ប្រគេន ថ្វាយ និងជម្រាបជូន ព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ ស្ថាប័ន អង្គភាព សាធារណជន មេត្តាជ្រាបថា៖ លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី ពុំដែលមានការប្រកាន់ខឹងឈ្លោះ រើសអើង ឬមានបំណងប្តឹងចំពោះមន្ត្រីព័ត៌មានខេត្ត ឬអ្នកសារព័ត៌មានរូបណានោះទេ ។

លោក រស់ ប៊ុនធឿន គឺជាបុគ្គលមានសក្តានុពលសព្វបែបយ៉ាង លើការដឹកនាំអង្គភាពដោយពុំដែលបានប្រព្រឹត្តអំពើឧបាយមុខ អសីលធម៌ ដូចការបង្ហោះ រិះគន់ទៅលើរូបគាត់ នៅក្នុងបណ្តាញសង្គមនោះទេ ។

កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ មានកម្មវិធីប្រកាសចូលកាន់តំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី លុះព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានលោក ឱក សុវណ្ណា ជាមន្ត្រីព័ត៌មាននៅមន្ទីរព័ត៌មានខេត្តតាកែវ បានផ្ញើសារសំឡេងតាមរយៈតេឡេក្រាមសុំថ្លៃសាំងពី លោក រស់ ប៊ុនធឿន ដោយសារលោក ឱក សុវណ្ណា បានចុះមកយកព័ត៌មានក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ដោយពុំមែនជាកម្មវិធីរបស់ខ្លួន លោក រស់ ប៊ុនធឿន បានផ្ញើសារសំឡេងឆ្លើយតបប្រកែកមិនឱ្យថ្លៃសាំងជូនដល់លោក ឱក សុវណ្ណា ដែលជាមន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានខេត្តតាកែវ ។

ក្រោយពីនោះមក ប្រហែលជា ២ម៉ោង ក៏ស្រាប់តែមានការបង្ហោះរិះគន់ពីនេះពីនោះទៅលើ លោក រស់ ប៊ុនធឿន ជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គម ។

ក្នុងនាមក្រុមព័ត៌មានបណ្តាញសង្គម នៃរដ្ឋបាលស្រុកអង្គរបូរី សូមបដិសេធ រាល់ការបង្ហោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី តាមបណ្តាញសង្គម ។

អាស្រ័យហេតុនេះ សូមព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ ស្ថាប័ន អង្គភាព ព្រមទាំងសាធារណជន មេត្តាជ្រាបជាការបំភ្លឺ ៕

Leave a Reply

Your email address will not be published. Required fields are marked *